ចិន នឹងមានឧស្សាហកម្មផលិតរថយន្តអាចហោះបាន ទ្រង់ទ្រាយធំដំបូងគេបង្អស់នៅលើពិភពលោកក្នុងឆ្នាំ២០២៦
- BY
- Pheakdey
- March 10, 2025
ចិន៖ ប្រទេសចិននឹងក្លាយជាអ្នកផលិតរថយន្តអាចហោះបាន (Flying Car) ដ៏ធំដំបូងគេបង្អស់នៅលើពិភពលោកក្នុងឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែមីនា។ គួរកត់សម្គាល់ថា បើទោះជាក្នុងពេលបច្ចុប្បន្ននេះមានប្រទេសមួយចំនួនមានសមត្ថភាពអាចផលិតប្រភេទរថយន្តអាចហោះបានក៏ពិតមែន តែបរិមាណនៃការផលិតនោះមានចំនួនតិចតួចបំផុត ពោលគឺវាមិនមែនជាឧស្សាហកម្មទ្រង់ទ្រាយធំ ដូចការផលិតរថយន្តទូទៅនោះទេ។

យ៉ាងណាក្តី ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Xpeng ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong នៃប្រទេសចិនបានបង្ហាញផែនការយ៉ាងលម្អិតថា នៅត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងផលិតរថយន្តអាចហោះបានក្នុងចំនួនរហូតដល់ ១០,០០០គ្រឿង ដែលវានឹងក្លាយជាឧស្សាហកម្មផលិតរថយន្តប្រភេទនេះធំដំបូងគេបង្អស់នៅលើពិភពលោកផងដែរ។ បើតាមលោក He Xiaopeng ដែលជាប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng បានបញ្ជាក់ថា រថយន្តអាចហោះបានម៉ូដែលដំបូងគេរបស់ក្រុមហ៊ុន Xpeng នឹងត្រូវរចនាឡើងក្នុងទម្រង់ជារថយន្តវែង មានកង់ចំនួន ៦ អាចបញ្ជាដោយគ្មានអ្នកបើកបរ អាចហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់និងឆ្ងាយបាន ហើយគិតត្រឹមចុងឆ្នាំ ២០២៤នេះ មានអតិថិជនប្រមាជា ៣,០០០នាក់ហើយ ដែលបានសម្រេចបញ្ជាទិញរថយន្តប្រភេទនេះទុកមុនពីក្រុមហ៊ុន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






