យន្តហោះមួយគ្រឿងត្រូវបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលាននៅអាមេរិកវិញជាបន្ទាន់ ក្រោយធ្វើដំណើរបានជាង ១០ម៉ោង ដោយសារតែបង្គន់នៅលើយន្តហោះបានស្ទះលែងដំណើរការ
- BY
- Pheakdey
- March 11, 2025
អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលានយន្តវិញជាបន្ទាន់ក្រោយចេញដំណើរបានជាង ១០ម៉ោង ដោយសារតែបង្គន់នៅលើយន្តហោះជាច្រើនស្ទះមិនអាចប្រើប្រាស់បាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Hindustan Times នៅក្នុងថ្ងៃទី១០ ខែមីនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Chicago សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Delhi នៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះម៉ាក Boeing 777-337 ដែលមានផ្ទុកអ្នកដំណើរសរុបជាង ៣៤០នាក់ និងមានបង្គន់សម្រាប់ប្រើប្រាស់សរុបចំនួន ១២កន្លែង។ ក្រោមពេលធ្វើដំណើរបានរយៈពេលជាង ១០ម៉ោង ស្រាប់តែយន្តហោះបានលោតសញ្ញាព្រមានដ៏កម្រមួយដែលបញ្ជាក់ថា បង្គន់ចំនួន ៨ កំពុងតែស្ទះ មិនអាចប្រើប្រាស់បាននោះទេ ខណៈយន្តហោះត្រូវបន្តធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយទៀត។ ស្ថិតនៅចំពោះមុខស្ថានភាពបន្ទាន់នេះ អ្នកបើកបើរយន្តហោះក៏សម្រេចធ្វើដំណើរត្រលប់ទៅកាន់ព្រលានយន្តហោះក្នុងទីក្រុង Chicago វិញដើម្បីដោះស្រាយបញ្ហាបច្ចេកទេសខាងលើ ខណៈពេលចុះចតដល់ព្រលានយន្តហោះវិញភ្លាមខាងក្រុមហ៊ុន Air India ក៏បានត្រៀមរៀបចំយន្តហោះមួយគ្រឿងផ្សេងសម្រាប់ឱ្យអ្នកដំណើរអាចបន្តដំណើរជាថ្មីឡើងវិញបានភ្លាមៗផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Hindustan Times
- Share This Post:






