មនុស្ស ១២នាក់បានរងរបួស ក្នុងហេតុការណ៍ភ្លើងឆេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅអាមេរិក
- BY
- Pheakdey
- March 14, 2025
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានរងរបួសនៅក្នុងហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ យន្តហោះដែលបានជួបគ្រោះថ្នាក់ដ៏កម្រនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មានទិសដៅធ្វើដំណើរចេញពីទីក្រុង Colorado Springs ឆ្ពោះទៅកាន់ទីក្រុង Dallas សហរដ្ឋអាមេរិក។

ស្ថិតនៅក្នុងជើងហោះហើរលេខ American Airlines Flight 1006 យន្ដហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 នេះ មានផ្ទុកមនុស្សសរុបចំនួន ១៧៨នាក់ ដោយនៅក្នុងនោះ មានអ្នកដំណើរចំនួន ១៧២នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា ភ្លាមៗក្រោយមានភ្លើងឆេះយន្តហោះបានសម្រេចធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Denver International Airport ដើម្បីឱ្យអ្នកដំណើររត់គេចខ្លួនពីអគ្គីភ័យ ខណៈអ្នកដំណើរមួយចំនួនត្រូវបានគេប្រទះឃើញរត់ទៅលើស្លាប់យន្តហោះទៀតផង ដ្បិតពួកគេព្យាយាមគេចចេញពីផ្សែងពុលឱ្យបានទាន់ពេលវេលា។ យ៉ាងណាក្តី ហេតុាករណ៍នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






