សាកលវិទ្យាល័យធំមួយនៅអាមេរិក គ្រោងកាត់បន្ថយបុគ្គលិកជាង ២,០០០នាក់ ក្រោយលោក ដូណាល់ ត្រាំ ផ្តាច់ជំនួយជាង ៨០០លានដុល្លារ
- BY
- Pheakdey
- March 14, 2025
អាមេរិក៖ សាកលវិទ្យាល័យ Johns Hopkins គ្រោងនឹងកាត់បន្ថយបុគ្គលិជាង ២,០០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ គួរបញ្ជាក់ជូនថា សាកលវិទ្យាល័យ Johns Hopkins គឺជាសាកលវិទ្យាល័យផ្តោតលើការស្រាវជ្រាវដ៏ធំមួយនៅអាមេរិក ហើយសាកលវិទ្យាល័យមួយនេះត្រូវធ្វើការងារជាមួយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបណ្តាប្រទេសចំនួន ៤៤ផ្សេងទៀតផងដែរ។

នាពេលកន្លងមក សាកលវិទ្យាល័យ Johns Hopkins អាចដំណើរការទៅបានដោយពឹងផ្អែកលើជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ។ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកគម្រោងផ្តល់ជំនួយជាច្រើន ដើម្បីធានាប្រសិទ្ធភាពរដ្ឋាភិបាល ហើយក្នុងនោះក៏មានទាំងគម្រោងផ្តល់ជំនួយទៅកាន់សាកលវិទ្យាល័យ Johns Hopkins ផងដែរ។ នៅចំពោះមុខបញ្ហាហិរញ្ញវត្ថុដ៏ធំនេះសាកលវិទ្យាល័យ Johns Hopkins គ្មានជម្រើសណាក្រៅពីកាត់បន្ថយបុគ្គលិកនោះទេ ហើយបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនោះ មានបុគ្គលិកចំនួន ២៤៧នាក់ គឺជាអ្នកកំពុងបំពេញការងារនៅក្នុងសហរដ្ឋអាមេរិក និងបុគ្គលិកចំនួន ១,៩៧៥នាក់ គឺជាអ្នកកំពុងបំពេញការងារផ្សេងៗនៅក្នុងប្រទេសចំនួន ៤៤ផ្សេងទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






