ក្រុមគ្រូពេទ្យបានយកក្រវិលពេជ្រតម្លៃជិត ៨០ម៉ឺនដុល្លារពីក្នុងខ្លួនចោរម្នាក់ ដែលបានបន្លំលេបចូលទៅក្នុងពោះពេលដើរទស្សនាការដាក់តាំងគ្រឿងអលង្ការនៅអាមេរិក
អាមេរិក៖ នៅទីបំផុតប៉ូលិសអាមេរិកអាចស្វែងរកឃើញក្រវិលពេជ្រតម្លៃជិត ៨០០,០០០ដុល្លារវិញហើយ នៅក្នុងសំណុំរឿងលួចដ៏កម្រមួយ ពោលគឺករណីចោរបានបន្លំលេបក្រវិលទាំងនោះចូលទៅក្នុងពោះក្នុងពេលអំឡុងពេលដើរទស្សនាការដាក់តាំងគ្រឿងអលង្ការ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនាបានឱ្យដឹងថា ក្រវិលពេជ្រដ៏មានតម្លៃនេះត្រូវបានក្រុមគ្រូពេទ្យយកចេញពីក្នុងខ្លួនជនសង្ស័យតាមរយៈប្រព័ន្ធបញ្ចេញចោលក្នុងរាងកាយរបស់គាត់ ក្រោយជនសង្ស័យបានស្ថិតនៅក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យឯកទេសផ្នែករំលាយអស់រយៈពេល ២សប្តាហ៍។

គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ជនសង្ស័យដែលមានឈ្មោះថា Jaythan Gilder អាយុ ៣២ឆ្នាំ បានបន្លំខ្លួនជាភ្នាក់ងាររបស់កីឡាករបាល់បោះក្នុងក្របខណ្ឌ NBA ដែលជាក្របខណ្ឌកីឡាដ៏ធំបំផុតមួយនៅអាមេរិក ដើម្បីដើរចូលទៅទស្សនាការដាក់តាំងគ្រឿងអលង្ការប្រណិតៗរបស់ក្រុមហ៊ុនលក់ពេជ្រ Tiffany & Co. ដែលបានរៀបចំឡើងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលលោក Jaythan Gilder បានដើរទស្សនាគ្រឿងអលង្ការនោះ ស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងបានកត់សម្គាល់ថា មានក្រវិលពេជ្រចំនួន ២ឈុត មានតម្លៃសរុប ៧៦៩,៥០០ បានបាត់ពីក្នុងទូ ហើយភ្លាមនោះលោក Jaythan Gilder ក៏បានព្យាយាមគេចចេញពីហាងយ៉ាងឆាប់រហ័សដែរ។
យ៉ាងណាក្តី សកម្មភាពបន្លំលេបក្រវិលពេជ្រចូលទៅក្នុងពោះរបស់លោក Jaythan Gilder ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយផ្លាកលេខរថយន្តរបស់គាត់ក៏ត្រូវបានថតជាប់ដូចគ្នា ទើបធ្វើឱ្យប៉ូលិសអាចតាមឃាត់ខ្លួនគាត់នៅក្នុងរយៈពេល ២-៣ថ្ងៃ បន្ទាប់ពីថ្ងៃធ្វើសកម្មភាពលួច ហើយក្រោយឃាត់ខ្លួនជនសង្ស័យបានភ្លាម ប៉ូលិសក៏បានបញ្ជូនជនសង្ស័យទៅកាន់មន្ទីរពេទ្យដើម្បីថតមើលផ្នែកខាងក្នុងពោះរបស់គាត់ និងស្នើឱ្យក្រុមគ្រូពេទ្យជួយរកវិធីយកក្រវិលពេជ្រទាំងនោះចេញពីក្នុងពោះជនសង្ស័យមកវិញ។ គិតត្រឹមពេលនេះភស្តុតាំងនៃករណីលួចរបស់លោក Jaythan Gilder ត្រូវប៉ូលិសរកឃើញគ្រប់គ្រាន់ហើយ ខណៈប៉ូលិសក៏ត្រៀមបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវចាប់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC