អន្តរជាតិ

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ ក្រោយធ្វើដំណើរបានជាង២ម៉ោង ដោយសារពីឡុតម្នាក់ភ្លេចយកលិខិតដែនតាមខ្លួន

BY
Pheakdey
March 25, 2025

អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបង្ខំចិត្តហោះត្រលប់ក្រោយវិញ ក្រោយធ្វើដំណើរបានជាង ២ម៉ោង ដោយសារតែអ្នកបើកបរយន្តហោះភ្លេចយកលិខិតឆ្លងដែនតាមខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Phil Star Life នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមីនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Los Angeles សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ដោយមានផ្ទុកអ្នកដំណើរសរុបចំនួន ២៥៧នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ១៣នាក់។ ក្រោយទទួលបានដំណឹងថា មានអ្នកបើកបរយន្តហោះម្នាក់ភ្លេចលិខិតឆ្លងដែន ក្រុមអ្នកគ្រប់គ្រងការហោះហើរក៏បានសម្រេចឱ្យយន្តហោះធ្វើដំណើរត្រឡប់ក្រោយមកវិញ និងបានស្នើសុំការចុះចតជាបន្ទាន់មួយ ខណៈខាងក្រុមហ៊ុនក៏បានតៀមអ្នកបើកបរថ្មីម្នាក់ទៀតដើម្បីជំនួយអ្នកបើកបរដែលភ្លេចលិខិតឆ្លងដែនផងដែរ។ យ៉ាង​ណាក្តី ការហោះត្រលប់មកវិញ ប្តូរអ្នកបើកបរ និងចាប់ផ្តើមធ្វើការហោះហើរជាថ្មីម្តងទៀតនោះគឺត្រូវចំណាយពេលជាច្រើនម៉ោង ហើយជាលទ្ធផលយន្តហោះមួយគ្រឿងនេះត្រូវចុះចតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនយឺតជាងការគ្រោងទុករហូតដល់ ៦ម៉ោង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Phil Star Life

Share This Post: