ម្ចាស់ឡានដែលបំពាក់ភ្លើងហ្វា ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរអ្នកដទៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ចុះអប់រំដល់ផ្ទះ ឱ្យដោះភ្លើងហ្វាចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យា
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៩ នេះ បានឱ្យដឹងថា ម្ចាស់រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរអ្នកដទៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ចុះអប់រំដល់ផ្ទះ ឱ្យដោះភ្លើងហ្វាចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា បន្ទាប់ពីបានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៌លឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0597 បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការដំណើរអ្នកដទៃ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យជំនាញស្រាវជ្រាវករណីនេះ។
ជាលទ្ធផលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីស្រាវជ្រាវរកឃើញម្ចាស់រថយន្តខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានចុះទៅជួបផ្ទះម្ចាស់រថយន្ត ស្ថិតនៅផ្លូវលេខ១១០ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដើម្បីឱ្យម្វាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត៕





ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ