ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង សម្រេចបាន ៨៨%ហើយ

    BY soknita April 2, 2025
    គម្រោងហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង សម្រេចបាន ៨៨%ហើយ

    (រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើងសម្រេចបាន ៨៨ ភាគរយហើយ។

    តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។

    ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីស្វែងយល់បន្ថែម អំពីលក្ខណៈបច្ចេកទេស ចំណុចខ្វះខាត និងតម្រូវការបន្ថែម ដើម្បីជាធាតុចូលសម្រាប់ការរៀបចំផែនការនៅជំហានបន្តបន្ទាប់ទៀត ។ តាមរយៈគម្រោងខាងលើ នឹងចូលរួមកាត់បន្ថយ និងបញ្ជៀសជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។

    ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគម្រោង បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារ មន្ត្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងប្រកបដោយគុណភាព និងលឿនរហ័សទាន់ពេលវេលា និងជាពិសេសថ្លែងអំណរគុណដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការចាប់តាំងពីគម្រោងចាប់ផ្តើម រហូតទទួលបានសមិទ្ធិផលដូចបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏សូមការយោគយល់អំពីបងប្អូនដែលរស់នៅក្នុងតំបន់ការដ្ឋាន និងបងប្អូនដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាន នូវការរំខានផ្សេងៗក្នុងអំឡុងពេលសាងសង់កន្លងមកនេះ។

    គួរបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៨៨ភាគរយហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: