ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Apple បានដឹកជញ្ជូន iPhone ប្រហែល ១,៥លានគ្រឿង ពីឥណ្ឌាទៅអាមេរិក ដែលជាយុទ្ធសាស្រ្តមួយគេចផុតពីការបង់ពន្ធគយក្នុងអត្រាដ៏ខ្ពស់របស់លោក ដូណាល់ ត្រាំ

    BY Naren April 11, 2025
    ក្រុមហ៊ុន Apple បានដឹកជញ្ជូន iPhone ប្រហែល ១,៥លានគ្រឿង ពីឥណ្ឌាទៅអាមេរិក ដែលជាយុទ្ធសាស្រ្តមួយគេចផុតពីការបង់ពន្ធគយក្នុងអត្រាដ៏ខ្ពស់របស់លោក ដូណាល់ ត្រាំ

    ឥណ្ឌា៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple បានដឹកជញ្ជូនទូរស័ព្ទ iPhone មានទម្ងន់ជិត ៦០០តោន ឬអាចស្មើនឹងទូរស័ព្ទប្រមាណជា ១,៥លានគ្រឿង ពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១១ ខែមេសា។ សកម្មភាពថ្មីមួយនេះត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្រ្តមួយដែលក្រុមហ៊ុន Apple ប្រើប្រាស់ដើម្បីគេចផុតពីការអនុវត្តច្បាប់បង់ពន្ធគយក្នុងអត្រាដ៏ខ្ពស់បំផុតលើទំនិញចិន ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

    សូមបញ្ជាក់ជូនថា​ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក ដែលនាពេលកន្លងមកក្រុមហ៊ុនខ្នាតយក្សនេះមានរោងចក្រដំឡើងទូរស័ព្ទជាច្រើននៅក្នុងប្រទេសចិន។ ក្រោយប្រើប្រាស់គ្រឿងបង្គំដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនសម្រាប់ដំឡើងចេញជាទូរស័ព្ទ iPhone រួចរាល់ហើយ ទើបក្រុមហ៊ុននាំយកផលិតផលសមស្រេចទៅកាន់សហរដ្ឋអាមេរិក និងចែកចាយទៅកាន់ប្រទេសផ្សេងៗទៀត ក្នុងន័យថា ទូរស័ព្ទ iPhone គឺជាផលិតផលផលិតនៅក្នុងប្រទេសចិន។

    យ៉ាងណាក្តី ដោយសារតែឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ក្រុមហ៊ុន Apple បានសម្រេចប្តូរទីតាំងទៅដំឡើងទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌាវិញ ដ្បិតផលិតផលឥណ្ឌាដែលត្រូវនាំចូលទៅកាន់សហរដ្ឋអាមេរិកគឺត្រូវបង់ពន្ធនាំចូលតិចជាងផលិតផលចិន។ សូមបញ្ជាក់ជូនផងដែរថា អត្រាពន្ធចុងក្រោយ ដែលសហរដ្ឋអាមេរិកទើបបានប្រកាសអនុវត្តចំពោះផលិតផលិតចិននោះ គឺ​ ១៤៥% ខណៈចិននឹងគិតពន្ធនាំចូលចំពោះទំនិញអាមេរិកវិញក្នុងអត្រា ៨៤%៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: