មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ២នាក់ កំពុងបាត់ខ្លួន ក្រោយរលកសមុទ្រដ៏ធំមួយបានវាយប្រហារតំបន់ឆ្នេរនៅអូស្រ្តាលី
- BY
- Pheakdey
- April 20, 2025
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុសចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសាររលកសមុទ្រដ៏ធំមួយបានវាយប្រហារតំបន់ឆ្នេរក្បែរទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២០ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍ស្វែងរកពួកគេកំពុងជួបការលំបាកយ៉ាងខ្លាំង ដ្បិតរលកធំៗនៅលើសមុទ្រហាក់មិនទាន់ស្ងប់នៅវិញអស់នៅឡើយទេ។

បើតាមអាជ្ញាធររដ្ឋ New South Wales បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ គឺមានអ្នកនេសាទចំនួន ២នាក់ ដែលបានស្លាប់ក្រោយរលកបោកបក់ផ្ទប់នឹងផ្ទាំងថ្ម ក្មេងប្រុសអាយុ ១៤ឆ្នាំបានបាត់បង់ស្មារតីនិងផុតដង្ហើមពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះ ៣នាក់ផ្សេងទៀតបានស្លាប់ដោយសារលង់ទឹកក្រោយទឹករលកបានវាយប្រហារពួកគេក្នុងអំឡុងពេលដែលពួកគេកំពុងហែលទឹកលេង។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ដែលមានរលកធំៗប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ គឺជារឿងដ៏កម្រមួយសម្រាប់តំបន់ឆ្នេរសមុទ្រខាងលើនេះ ហើយករណីនេះហាក់មិនបានកើតមាននោះទេនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






