ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ដាក់លក់មួក “Trump 2028” ដែលជាឆ្នាំបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ក្នុងតម្លៃ ៥០ដុល្លារ

    BY Pheakdey April 25, 2025
    លោក ដូណាល់ ត្រាំ ដាក់លក់មួក “Trump 2028” ដែលជាឆ្នាំបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ក្នុងតម្លៃ ៥០ដុល្លារ

    អាមេរិក៖ ផ្សារ Online របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់លក់មួកគួរឱ្យចាប់អារម្មណ៍បំផុតមួយ ពោលគឺមាននិមិត្តសញ្ញា “Trump 2028” ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិបន្ទាប់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៥ ខែមេសា។ មួកពណ៌ក្រហមជាមួយនិងសារនយោបាយគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ៥០ដុល្លារ។

    គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៅសហរដ្ឋអាមេរិកបានកំណត់ឱ្យប្រធានាធិបតីម្នាក់អាចកាន់តំណែងកំពូលមួយនេះបានត្រឹមតែ ២អាណត្តិប៉ុណ្ណោះ បើទោះជាអាណត្តិនៃការដឹកនាំនោះជាប់គ្នា ឬមិនជាប់គ្នាក៏ដោយ។ ដូចនេះសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងអាណត្តិបន្ទាប់ទៀតនោះ គឺជារឿងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុង ដ្បិតរូបគាត់ធ្លាប់បានកាន់តំណែង ២អាណត្តិរួចមកហើយ ពោលគឺអាណត្តិឆ្នាំ ២០១៧-២០២១ និងអាណត្តិ ឆ្នាំ២០២៥-២០២៩។

    សូមរម្លឹកជូនថា កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់អ្នកកាសែតថា លោកពិតជាមានបំណងចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី៣ ហើយវាពិតជាអាចទៅរួចក្នុងការកែប្រែច្បាប់ខាងលើនេះ តែលោកបដិសេធមិនបញ្ជាក់ពីនីតិវិធីលម្អិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: