កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនពិតជាបានបញ្ជូនទ័ពទៅជួយរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន
- BY
- Pheakdey
- April 28, 2025
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនប្រាកដមែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៨ ខែមេសា។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសកូរ៉េខាងជើងបានសារភាពទទួលស្គាល់ចំពោះការបញ្ជូនទ័ពទៅជួយរុស្ស៊ី ខណៈការសង្ស័យនិងការចោទប្រកាន់ចំពោះករណីនេះបានកើតមានឡើងជាយូរមកហើយ។

គួរកត់សម្គាល់ថា តាមរយៈការស៊ើបអង្កេតនាពេលកន្លងមកគឺគេបានរកឃើញថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណជា ១៤,០០០នាក់ជួយកងកម្លាំងរុស្ស៊ីក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈនៅក្នុងនោះក៏មានកងកម្លាំងបម្រុងចំនួន ៣,០០០នាក់សម្រាប់ផ្លាស់ប្តូរកងកម្លាំងដែលបានបាត់បង់ផងដែរ។ ចំពោះហេតុផលនៃការបញ្ជូនទ័ពទៅជួយរុស្ស៊ីនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់ប្តូរយកផលប្រយោជន៍ក្នុងការផលិតគ្រឿងសព្វាវុធទំនើបៗមួយចំនួនពីរុស្ស៊ី និងដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់ខ្លួនឱ្យមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមពិតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






