តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅកំពង់ផែអ៊ីរ៉ង់ កើនដល់ ៤០នាក់ និងរបួសជាង ១,០០០នាក់
- BY
- Pheakdey
- April 28, 2025
អ៊ីរ៉ង់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះក្នុងកំពង់ផែនៅប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ ៤០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា។ ចំពោះតួលេខអ្នករងរបួសធ្ងន់និងស្រាលវិញ គឺគិតត្រឹមពេលនេះអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា មានរហូតដល់ជាង ១,០០០នាក់ឯណោះ។

គួររម្លឹកជូនថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងតាំងតែពីថ្ងៃសៅរ៍ ទី២៦ ខែមេសាម្លេះ ខណៈកំពង់ផែ ដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Shahid Rajaï ជាកំពង់ផែមានការដឹកជញ្ជូនប្រេងឆ្លងកាត់ពិភពលោកដ៏ធំមួយនៅលើពិភពលោក។ បើតាមអាជ្ញាធរអ៊ីរ៉ង់ ហេតុការណ៍ផ្ទុះបានកើតចេញពីឃ្លាំងមួយកន្លែង ដែលមានផ្ទុកទៅដោយសារធាតុគីមី និងសារធាតុងាយផ្ទុះជាច្រើន។ យ៉ាងណាក្តី ក្រុមហ៊ុនជាតិដឹកជញ្ជូនប្រេងអ៊ីរ៉ង់បានអះអាងថា ករណីផ្ទុះនេះមិនបានបង្កឱ្យមានការប៉ះពាល់ខ្លាំងដល់ដំណើរការទូទៅ នៃការផ្គត់ផ្គង់ប្រេងឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






