អន្តរជាតិ

កូរ៉េខាងត្បូងបានជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

BY
Pheakdey
April 29, 2025

កូរ៉េខាងត្បូង៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១,២០០នាក់ជាបន្ទាន់ ដោយសារតែបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃទី ២៨ ខែមេសា។ បញ្ហាភ្លើងឆេះព្រៃដែលកំពុងបង្កការគំរាមគំហែងដល់ពលរដ្ឋកូរ៉េនៅពេលនេះគឺបានកើតឡើងនៅក្រុង Daegu នៃខេត្ត North Gyeongsang ។

គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ៥០ហិកតា ខណៈអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់កងកម្លាំងពន្លត់អគ្គិភ័យជាង ២០០នាក់​ និងយន្តហោះសម្រាប់បាញ់ទឹកពន្លត់ភ្លើងពីលើអាកាសចំនួន ២៦គ្រឿង សម្រាប់ធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានអ្នកណាម្នាក់បានរងរបួសធ្ងន់ធ្ងរឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: