អន្តរជាតិ

មនុស្ស ២២នាក់បានបាត់បង់ជីវិត និង ៣នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន

BY
Pheakdey
April 30, 2025

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាង ២០នាក់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

ប្រភពខាងលើបានបន្តថា ភោជនីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Liaoning  នៃខេត្ត Liaoyang ភាគឦសាននៃប្រទេសចិន។ ក្នុងកិច្ចអន្តរាគមន៍ចំពោះករណីខាងលើនេះ អាជ្ញាធរចិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២២គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ៨៥នាក់ និងបានប្រើប្រាស់ពេលវេលាជាច្រើនម៉ោងទើបអាចពន្លត់អគ្គិភ័យបានទាំងស្រុង។ ភ្លាមៗក្រោយហេតុការណ៍បានបញ្ចប់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានថ្លែងថា ករណីនេះគឺជាមេរៀនដ៏សោកសៅមួយ ហើយអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យនិងបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតជុំវិញបញ្ហាអគ្គិភ័យនេះ ដ្បិតហេតុការណ៍មានភ្លើងឆេះភោជនីយដ្ឋាន កន្លែងកម្សាន្ត ផ្ទះ និងអគារផ្សេងៗបានបន្តកើតមានជារឿយៗនៅទូទាំងប្រទេសចិនក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ៕

 

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: