អាជ្ញាធរថៃសម្រេចចោទប្រកាន់អ្នកបើករថយន្តតាក់ស៊ីម្នាក់ ពីបទបានរារាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់រហូតបណ្តាលឱ្យអ្នកជំងឺម្នាក់ត្រូវបាត់បង់ជីវិត
- BY
- Pheakdey
- April 30, 2025
ថៃ៖ អាជ្ញាធរថៃបានសម្រេចចោទប្រកាន់អ្នកបើកបរថយន្តតាក់ស៊ីម្នាក់ទៅកាន់តុលាការ ក្រោយរូបគាត់បានបើករថយន្តរារាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង និងបណ្តាលឱ្យអ្នកជំងឺម្នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅតាមបណ្តោយផ្លូវមួយខ្សែស្ថិតនៅក្នុងឃុំ Kamala ស្រុក Kathu នៃខេត្ត Phuket ភាគខាងត្បូងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុ ពោលគឺនៅម៉ោងប្រមាណជា ៨ និង ១៥នាទី ព្រឹក នៃថ្ងៃទី ២៧ ខែមេសា មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់មន្ទីរពេទ្យ Patong បានព្យាយាមធ្វើដំណើរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺបេះដូងម្នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ យ៉ាងណាក្តី ក្នុងពេលដំណើរនោះមានរថយន្តតាក់ស៊ីមួយគ្រឿងបានបើកមករារាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់យ៉ាងគឃ្លើន ហើយការរំខាននោះបានបណ្តាលឱ្យអ្នកជំងឺបេះដូង ដែលកំពុងត្រូវការការសង្គ្រោះបន្ទាន់រូបនោះត្រូវស្លាប់បាត់បង់ជីវិតតែម្តង។ គិតត្រឹមពេលនេះអ្នកបើករថយន្តតាក់ស៊ីត្រូវឃុំខ្លួនជាបណ្តោះអាសន្ន និងរងចាំការកាត់ទោសពីតុលាការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






