ចិនបានសម្រេចអនុគ្រោះពន្ធនាំចូលលើទំនិញសំខាន់ៗមួយចំនួនពីអាមេរិកដោយស្ងាត់ៗ
- BY
- Pheakdey
- April 30, 2025
ចិន៖ ប្រទេសចិនបានសម្រេចអនុគ្រោះពន្ធនាំចូលលើទំនិញសំខាន់ៗមួយចំនួនពីអាមេរិកដោយស្ងាត់ៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែមេសា។ ទំនិញសំខាន់ៗរបស់អាមេរិក ដែលទទួលបានការអនុគ្រោះពន្ធនោះរួមមានម៉ាស៊ីនយន្តហោះនិងឱសថ ដែលសុទ្ធតែជាប្រភេទទំនិញដែលចិនត្រូវការនាំចូលជាចាំបាច់។

ប្រភពខាងលើបានបន្តថា អាជ្ញាធរចិនមិនបានប្រកាសអំពីការសម្រេចអនុគ្រោះពន្ធនេះជាសាធារណៈឡើយ តែអាជ្ញាធរចិនបានជូនដំណឹងទៅកាន់ក្រុមហ៊ុនគោលដៅទាំងនោះដោយស្ងាត់ៗ។ រហូតមកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីមូលហេតុជាក់លាក់ ដែលជម្រុញឱ្យចិនត្រូវលួចបន្ថយពន្ធនាំចូលលើទំនិញអាមេរិកស្ងាត់ៗដូចនេះទេ តែសម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ទំនងជាចិនខ្លាចរងនូវភាពអាម៉ាស់ ដែលខ្លួនត្រូវបន្ទន់ឥរិយាបថចំពោះអាមេរិកដូចនេះ ទើបមិនប្រកាសជាសាធារណៈ។ សូមបញ្ជាក់ជូនថា តាមច្បាប់ដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការ គឺអត្រាពន្ធនាំចូលលើទំនិញអាមេរិកមានចំនួន ១២៥% ខណៈអាមេរិកវិញបានកំណត់អត្រាពន្ធនាំចូលលើទំនិញចិនវិញរហូតដល់ ១៤៥%៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






