អន្តរជាតិ

Hollywood និងសហជីពអ្នកផលិតភាពយន្តនៅអាមេរិករួមគ្នាស្នើឱ្យលោក ដូណាល់ ត្រាំ លើកលែងពន្ធចំពោះភាពយន្តអាមេរិក

BY
Pheakdey
May 13, 2025

អាមេរិក៖ ស្ទូឌីយ៉ូហូលីវូដ (Hollywood ) និងសហជីពតំណាងឱ្យអ្នកធ្វើការងារក្នុងវិស័យភាពយន្តនៅអាមេរិកបានរួមគ្នាស្នើសុំឱ្យលោក ដូណាល់ ត្រាំ ផ្តល់ការលើកលែងពន្ធចំពោះការផលិតខ្សែភាពយន្តនៅអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែឧសភា។ ការស្នើសុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុននេះបានប្រកាសថា​ លោកចង់យកពន្ធចំពោះខ្សែភាពយន្តដែលផលិតនៅក្រៅទឹកដីអាមេរិករហូតដល់អត្រា ១០០%។

ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីស្នើសុំការលើកលែងពន្ធរួមគ្នាពីសំណាក់ស្ទូឌីយ៉ូហូលីវូដ និងសហជីពខាងលើនេះក៏មានការចុះហត្ថលេខាពីសំណាក់កំពូលតារាសម្តែង លោក Sylvester Stallone (រ៉ាំបូ) និង លោក Jon Voight ផងដែរ ដែលបុគ្គលល្បីៗទាំង ២រូបនេះ គឺសុទ្ធតែជាឯកអគ្គរដ្ឋទូតរបស់លោក ដូណាល់ ត្រាំ ប្រចាំនៅហូលីវូដផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនថា ឧស្សាហកម្មភាពយន្តនៅអាមេរិកហាក់មានភាពរង្គោះរង្គើជាបន្តបន្ទាប់ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ-១៩មក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនភាពយន្តដែលផលិតនៅអាមេរិកក៏កាន់តែធ្លាក់ចុះផងដែរ ដ្បិតក្រុមហ៊ុនជាច្រើនបានងាកទៅផលិតភាពយន្តនៅតាមបណ្តាប្រទេសដែលមានតម្លៃដើមនៃការផលិតថោកជាងនៅអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: