FIFA បានប្រកាសលុបគម្រោងរបស់ពួកគេក្នុងការបង្កើតអោយមាន ៤៨ក្រុម ក្នុងព្រឹត្តិការណ៍ World Cup 2022 ក្នុងទីក្រុងកាតា
- May 24, 2019
កាលពីពេលថ្មីៗនេះ FIFA ត្រូវបានគេរាយការណ៍ថាគេលុបចោលគម្រោងដែលចង់បង្កើតអោយមាន ៤៨ក្រុមនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២ ក្នុងទីក្រុងកាតាខាងមុខនេះ។ គួរអោយដឹងផងដែរថា គេឃើញថាមានអ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើនមានការជជែកវែកញែកនៅក្នុងការផ្លាស់ប្តូរច្បាស់ចាស់ដែលអាចនឹងត្រូវប្តូរពេលវេលានៅក្នុងការចាប់ផ្តើមព្រឹត្តិការណ៍នេះឡើងក្នុងរយៈពេលខ្លីជាងមុន។
ប៉ុន្តែបើយោងទៅតាមកាសែតបរទេស The Times បានអោយដឹងថាប្រធានរបស់ FIFA លោក Gianni Infantino ដែលជាអ្នកជំរុញអោយមានការផ្លាស់ប្តូរនេះបានទទួលស្គាល់ថាវាអាចនឹងមានការប្រឈមជាច្រើន និងមានរឿងជាច្រើនផងដែរ ដែលត្រូវធ្វើនៅក្នុងទីក្រុងកាតា។ បន្ថែមពីនេះទៅទៀត លោក Infantino នឹងប្រកាសការសម្រេចចិត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំរបស់ FIFA នៅក្នុងថ្ងៃទី៥ ខែមិថុនា ខាងមុខនេះនៅក្នុងទីក្រុងប៉ារីស ហើយព្រឹត្តិការណ៍ World Cup 2022 នៅក្នុងទីក្រុងកាតានឹងនៅមានតែ ៣២ក្រុមដដែល ដោយពុំមានការផ្លាស់ប្តូរអ្វីឡើយ។

ទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំមួយនេះត្រូវបានគេរំពឹងថានឹងមាន ៤៨ក្រុមសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ គួរបញ្ជាក់ផងដែរថា ការប្រកួតដ៏ធំអស្ចារ្យមួយនេះនឹងធ្វើជាម្ចាស់ផ្ទះដោយមាន៣ប្រទេសធំៗចូលគ្នាដូចជាប្រទេសអាមេរិច កាណាដា និងប្រទេសមុិចសុិច។ ខណៈដែរគម្រោងដែលចង់អោយមាន ៤៨ក្រុមនេះនៅតែមាន ដូចនេះនៅក្នុងរយៈពេល៧ឆ្នាំទៅមុខទៀតនឹងប្រាកដថាគម្រោងនេះអាចនឹងកើតឡើងនៅក្នុងពេលអនាគតយ៉ាងខ្លី៕
អត្ថបទ៖ សុគុណា
ប្រភព៖ GivemeSports
- Share This Post:








