វៀតណាមគ្រោងដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់ ៩០% ដើម្បីជំរុញឱ្យពលរដ្ឋទទួលទានស្រាតិចជាងមុន
- BY
- Pheakdey
- June 14, 2025
វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់ ៩០% ដើម្បីទប់ស្កាត់ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតនៅក្នុងចំណោមពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ ច្បាប់ស្តីពីការដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងក្នុងអត្រាដ៏ខ្ពស់នេះត្រូវសភាវៀតណាមអនុម័តរួចរាល់ហើយ ខណៈការអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលរហូតដល់ឆ្នាំ២០៣១។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអត្រាពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងប្រទសវៀតណាមគឺមានអត្រា ៦៥% ហើយយោងទៅតាមច្បាប់ថ្មីដែលសភាទើបបានអនុម័តគឺអត្រាពន្ធលើស្រាបៀរ និងស្រាដែលមានកម្រិតជាតិអាកុលខ្ពស់នឹងត្រូវកើនឡើងដល់ ៧០%នៅក្នុងឆ្នាំ២០២៧ ហើយបន្តឡើងដល់អត្រា ៩០% នៅក្នុងឆ្នាំ២០៣១។ នៅក្នុងគម្រោងច្បាប់ដដែលនេះ សភាវៀតណាមក៏គ្រោងនឹងដំឡើងពន្ធលើភេសជ្ជៈដែលមានផ្ទុកជាតិស្ករចាប់ពី ៥ក្រាម/១០០មីលីលីត្រ ពីអត្រា ៨% ទៅដល់ ១០% ក្នុងឆ្នាំ២០២៨ ផងដែរ ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋទទួលទានភេសជ្ជៈប្រភេទនេះតិចជាងមុន ដ្បិតថាភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ក៏អាចជះឥទ្ធិពលអាក្រក់ចំពោះខុសភាពផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






