ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់

    BY SOMATEY July 18, 2025
    អគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា អគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការឆបោកប្រាក់តាមរយៈការទិញផលិតផលតាមអនឡាញ (Internet Purchasing Scam) សំដៅលើការទិញទំនិញ ឬសម្ភារៈនៅលើអនឡាញ ដោយពុំទទួលបានទំនិញ ឬសម្ភារៈនោះឡើយ។

    ក្រុមឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យាបានបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រ ក្លែងក្លាយ ដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ ក្នុងគោលបំណងឆបោកជនរងគ្រោះតាមរយៈបណ្តាញសង្គម និងគេហទំព័រនានាដូចជា Instagram, TikTok​ និងFacebook ជាដើម។
    ថ្មីៗនេះមន្ត្រីជំនាញ នៃអគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ ពីជនរង​គ្រោះដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចទាំងនោះតាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្រុមឆបោកបានប្រើវិធីសាស្រ្តបោកប្រាសជនរងគ្រោះឱ្យទិញទំនិញដូចខាងក្រោម ៖

    ១. សម្ភារៈ ឬទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
    ២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ( Feedback)
    ៣. មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់
    ៤. មានរូបភាពវិក្ក័យបត្រភ្ជាប់និងរូបភាពសម្ភារៈទាំងនោះ

    ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ បន្ទាប់មកពួកគេ (ក្រុមឆបោក ) បានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះ ដើម្បីមានការជឿជាក់។ ជនបោកប្រាសទាំងនោះបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ពួកគេ(ក្រុមឆបោក)នឹងធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។

    មន្ត្រីជំនាញ នៃអគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការក្រើនរំលឹកដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញដូចខាងក្រោម៖
    ១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
    ២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
    ៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់
    ៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post: