ស្រីលង្កាបង្គាប់ឱ្យក្រុមហ៊ុនសិង្ហបុរីបង់ប្រាក់ ១ពាន់លានដុល្លារ ជុំវិញករណីមាននាវាមួយគ្រឿងបានលិចនិងបង្កគ្រោះមហន្តរាយដល់សមុទ្រ
- BY
- Pheakdey
- July 25, 2025
ស្រីលង្កា៖ តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានបង្គាប់ឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយរបស់ប្រទេសសិង្ហបុរីត្រូវបង់ប្រាក់សំណងចំនួន ១ពាន់លានដុល្លារ ជុំវិញករណីដែលមាននាវាដឹកសារធាតុគីមីមួយគ្រឿងបានផ្ទុះឆេះនិងបានលិចនៅក្នុងដែនសមុទ្ររបស់ប្រទេសស្រីលង្កានាពេលកន្លងមក នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នាវាដឹកទំនិញដែលបានជួបគ្រោះអកុសលខាងលើនេះមានឈ្មោះថា MV X-Press Pearl ជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូនសិង្ហបុរី Xpress Feeders។

ប្រភពខាងលើបានបន្តថា កាលពី ៤ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២១ នាវាដឹកទំនិញ MV X-Press Pearl ដែលមានផ្ទុកទៅដោយសារធាតុគីមីយ៉ាងច្រើននោះស្រាប់តែបានផ្ទុះឆេះនិងលិច ក្រោយចេញដំណើពីរកំពង់ផែ Colombo ក្នុងប្រទេសស្រីលង្កាបានបន្តិច។ គ្រោះថ្នាក់នេះមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់អាយុជីវិតមនុស្សនោះទេ តែសារធាតុគីមីដែលបានធ្លាយទៅក្នុងសមុទ្របានទៅបំផ្លាញនិងបំពុលបរិស្ថានទាំងនៅក្នុងទឹកនិងនៅលើកោះមួយយ៉ាងខ្លាំង ហើយគ្រោះមហន្តរាយធម្មជាតិនេះក៏អាចបន្តឡើងមានក្នុងរយៈពេលវែងទៀតផង។ ព្រោះហេតុផលនេះហើយ ទើបតុលាការស្រីលង្កាតម្រូវឱ្យក្រុមហ៊ុន Xpress Feeders ត្រូវសងថ្លៃខូចខាតរហូតដល់ ១ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






