ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតពីសមរភូមិ

    BY SOMATEY July 29, 2025
    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតពីសមរភូមិ

    យោង​តាម ក្រសួងព័ត៌មាន ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញ ឱ្យប្រុងប្រយ័ត្ន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ទាក់ទងនឹងសមរភូមិមុខ។

    ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក សមរភូមិមុខកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់ ហើយព័ត៌មានដែលផ្សព្វផ្សាយបន្តគ្នាដោយគ្មានប្រភពច្បាស់លាស់ គឺជាព័ត៌មានដែលមិនអាចយកជាការបានឡើយ។

    ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយគត់ ដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយផ្អែកលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬគ្រាន់តែឮតាមគ្នា គឺជាកំហុសឆ្គង និងបង្ហាញពីការមិនទទួលខុសត្រូវ។

    ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យរក្សាភាពអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការពី អ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មាន។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងការច្រឡោត ភ័យស្លន់ស្លោរ ឬប្រតិកម្មតបទៅនឹងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានគ្រាន់តែឮគេថា។

    ឯកឧត្តមបានបន្ថែមថា ការរក្សាភាពអត់ធ្មត់ គោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងរួមគ្នាផ្តល់តែព័ត៌មានពិត ត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងផ្តល់នូវការពិតជូនដល់ប្រជាពលរដ្ឋ។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: