ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI នឹងរកប្រាក់ចំណូលប្រចាំឆ្នាំបាន ១២ពាន់លានដុល្លារ
- BY
- Pheakdey
- July 31, 2025
អាមេរិក៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានកើនឡើងទ្វេរដងនៅក្នុងរយៈពេល ៧ដំបូងក្នុងឆ្នាំ ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។ កំណើនប្រាក់ចំណូលដ៏ច្រើននេះអាចធ្វើឱ្យគេវាយតម្លៃបានថា ប្រាក់ចំណូលប្រចាំឆ្នាំ ក្រុមហ៊ុន OpenAI សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥នេះ អាចនឹងកើនឡើងដល់ ១២ពាន់លានដុល្លារ។

ប្រភពខាងលើបានបន្តថា ជាមួយនឹងប្រាក់ចំណូលប្រឆាំឆ្នាំចំនួន ១២ពាន់លានដុល្លារ គេអាចគិតជាមធ្យមបានថា ក្នុងរយៈពេល ១ខែ ក្រុមហ៊ុន OpenAI អាចរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ តាមរយៈការលក់សេវាកម្ម AI ផ្សេងៗនៅក្នុងកម្មវិធី ChatGPT របស់ខ្លួន ហើយវាក៏ជាប្រាក់ចំណូលដ៏ច្រើនគួរឱ្យកត់សម្គាល់មួយផងដែរ បើធៀបទៅនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀតនៅលើពិភពលោក។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក ទទួលបានអ្នកប្រើប្រាស់កម្មវិធី ChatGPT សកម្មប្រមាណជា ៧០០លាននាក់ក្នុងមួយសប្តាហ៍ ហើយអ្នកប្រើប្រាស់ទាំងនោះត្រូវបង់ប្រាក់ក្នុងចំនួនផ្សេងៗគ្នាទៅតាមសេវាកម្មដែលពួកគេបានប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






