ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាច្រានចោលចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថាកម្ពុជាប្រើប្រាស់ដ្រូនចូលក្នុងទឹក ដីថៃជាហេតុធ្វើឱ្យមានស្ថានភាពកើនកម្តៅ

    BY SOMATEY August 3, 2025
    កម្ពុជាច្រានចោលចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថាកម្ពុជាប្រើប្រាស់ដ្រូនចូលក្នុងទឹក ដីថៃជាហេតុធ្វើឱ្យមានស្ថានភាពកើនកម្តៅ

    ក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលចំពោះសារព័ត៌មានរបស់ថៃដែលបានផ្សាយបំភ្លៃការពិតថាកម្ពុជាបានប្រើប្រាស់ដ្រូនចូលនៅក្នុងទឹកដីថៃ ដែលការផ្សាយនេះជាហេតុធ្វើឱ្យ បង្កើតស្ថានភាពកើនឡើងកម្តៅរវាងប្រទេសទាំងពីរ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានថៃមួយចំនួន ដែលផ្ទុយពីការពិត ដោយថ្មីៗនេះ ថៃបានផ្សាយព័ត៌មានមួយចំនួនដោយបានយករូបភាពវិដេអូក្លែងក្លាយ ធ្វើការអត្ថាធិប្បាយខ្លឹមសាបំភ្លៃ មិនពិត លាបព៌ណ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ ។ ទង្វើទាំងនេះមិនត្រឹមត្រូវតែរក្សាឱ្យមានភាពល្អប្រសើរប៉ុណ្ណោះទេ តែវាកាន់បង្កឱ្យមានការកើនឡើងកម្តៅដោយ មិនចាំបាច់»។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កម្ពុជាទទូចឱ្យសារព័ត៌មានថៃទាំងនោះ បញ្ឈប់ជាបន្ទាន់ នូវទង្វើទាំងនោះ។

    ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯកបានបន្ថែមថា កម្ពុជាក៏អំពាវនាវដល់ភាគីថៃ ចៀសវាងការបង្ហោះដ្រូន របស់ខ្លួនចូលដែនអាកាសរបស់កម្ពុជា ហើយកម្ពុជាក៏មានវិធានការចំពោះដ្រូនដែលហោះចូលក្នុងទឹកដីកម្ពុជានោះដែរ។

    ក្នុងឱកាសនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះកងកម្លាំងកម្ពុជាចំនួន១៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ភាគីថៃមិនទាន់បញ្ជូនមកឱ្យកម្ពុជាវិញនោះទេ ក្រៅពីកងកម្លាំង២រូបដែលបានបញ្ជូនមកឱ្យកាលពីថ្ងៃទី០១ ខែសីហាមកនេះ ដោយមានរបួស និង មានវិបត្តិស្មារតី។ លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា កម្ពុជាជំរុញឱ្យភាគីថៃធ្វើការប្រគល់កងកម្លាំង១៨នាក់ នោះមកកម្ពុជាវិញឱ្យបានឆាប់រហ័សផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: