ព័ត៌មានជាតិ
ប្រជាពលរដ្ឋ និងពលករខ្មែរមកពីប្រទេសថៃ ៥ ២៩៣នាក់បានដឹងពីឱកាសការងារដ៏សម្បូរបែបនៅកម្ពុជាខណៈ១ ០០៦នាក់ទទួលបានការងារធ្វើភ្លាមៗ
BY SOMATEY
August 5, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ១៨ឃុំ ក្នុងខេត្តគោលដៅចំនួន៥ ដែលបាននាំយកឱកាសការងារសរុបចំនួន ៨ ៨៨២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥ ២៩៣នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ១ ០០៦នាក់។

ការផ្សព្វផ្សាយឱកាសការងារនេះ ធ្វើឡើងនៅក្នុងឃុំចំនួន១៨ នៃខេត្តគោលដៅចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តតាកែវ។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជូនដល់អ្នកចូលរួមផងដែរ៕




ប្រភព៖ ក្រសួងព័ត៌មាន