ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ថៃប្រើវិធានការផ្លូវច្បាប់ប្រឆាំងកម្ពុជា ដើម្បីបង្វែងពីការទិតៀនរឿងរំលោភអធិបតេយ្យកម្ពុជា

    BY SOMATEY August 6, 2025
    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ថៃប្រើវិធានការផ្លូវច្បាប់ប្រឆាំងកម្ពុជា ដើម្បីបង្វែងពីការទិតៀនរឿងរំលោភអធិបតេយ្យកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាបានកត់សម្គាល់ដោយការរំខានចិត្តនូវរបាយការណ៍ដែលបានលើកឡើងដោយប្រព័ន្ធឃោសនាថៃមួយចំនួនកាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥ អំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជាដែលបានប្រកាសឡើងដោយរដ្ឋាភិបាលរបស់ថៃ។ វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាក៏បង្ហាញឱ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសការវាយប្រហារមិនមានមូលហេតុប្រឆាំងនឹងទឹកដីរបស់កម្ពុជា។

    នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានធ្វើឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៥។

    ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ចំពោះវិធានការផ្លូវច្បាប់របស់ថៃនាពេលនេះគឺ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាមានគោលដៅបង្វែងការទិតៀនដែលកំពុងកើនឡើងស្តីអំពីការខូចខាតប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងការមិនគោរពជាបន្តបន្ទាប់របស់ថៃចំពោះកិច្ចព្រមព្រៀង ឈប់បាញ់។ ឯកឧត្ដមអ្នកនាំពាក្យបានគូសបញ្ជាក់ថា ក្នុងចំណោមការចោទប្រកាន់ធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពផ្លូវច្បាប់របស់ថៃនេះដែរគឺពុំមានមូលដ្ឋានរឹងមាំឡើយ ហើយវាមានហេតុផលនយោបាយ និងវាក៏មិនមានមូលដ្ឋានសម្រាប់ជឿជាក់បានផងដែរ។

    ឯកឧត្ដមបានបញ្ជាក់បន្ថែមថា កម្ពុជាសូមបដិសេធជាដាច់ខាតនូវការចោទប្រកាន់ទាំងនោះ ហើយសូមធ្វើការអះអាងជាថ្មីម្តងទៀតអំពីចំណុចគន្លឹះមួយចំនួនដូចជា៖

    ទី១ កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមនូវភាពប្រទូសសារាយនោះទេ ជម្លោះដែលកើតឡើងទៅថ្មីៗនេះគឺបានចាប់ផ្តើមឡើងដោយការទន្រ្ទានចូលរបស់យោធាថៃ និងការបាញ់ផ្លោងចូលមកក្នុងទឹកដីកម្ពុជា ដែលជាការរំលោភបំពាន ដោយផ្ទាល់មកលើអធិបតេយ្យភាពរបស់កម្ពុជា ។

    ទី២ កម្ពុជាធ្វើសកម្មភាពក្នុងសិទ្ធិស្វ័យការពារស្របច្បាប់ របស់ខ្លួន ដោយកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានធ្វើការឆ្លើយតបសមស្របទៅតាមសកម្មភាព យោធារបស់ថៃ ហើយមានភាពសមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សំដៅការពារអធិបតេយ្យភាព និងប្រជាជនស៊ីវិលរបស់ខ្លូនតែប៉ុណ្ណោះ។

    ទី៣ កម្ពុជាពុំដែលយកប្រជាពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ។ ការខូចខាតរបស់ប្រជាជនស៊ីវិលដ៏គួរឱ្យសោកស្តាយ ប៉ុន្តែការចោទប្រកាន់របស់ថៃបានមើលរំលងនូវការពិតដែលថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារតាមក្នុងតំបន់ប្រជាជនស៊ីវិលដែលជាការរំលោភបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវក្នុងទឹកដីកម្ពុជា។ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាវិញ បានគោរពដោយពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលយកប្រជាពលរដ្ឋស៊ីវិលយកជាគោលដៅរបស់ខ្លួនសោះឡើយ។

    នឹងទី៤ កម្ពុជានៅមានការតាំងចិត្តចំពោះសន្តិភាព ថ្វីត្បិតនៅតែបន្តការបង្ករឿងពីភាគីថៃ តែកម្ពុជានៅតែបន្តការតាំងចិត្តដ៏ពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។

    ជាមួយគ្នានេះ កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់ការផ្សាយព័ត៌មានមិនពិត និងបញ្ឈប់នូវសកម្មភាពអមិត្តប្រឆាំងនឹងកម្ពុជា ហើយវិលត្រឡប់រកកិច្ចសន្ទនាប្រកបដោយស្ថាបនាក្នុងស្មារតីសន្ដិសហវិជ្ជមាន និងសាមគ្គីភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: