ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុលើកទឹកចិត្តឱ្យពលករខ្មែរវិលត្រឡប់មកពីថៃ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានលើកទឹកចិត្តឱ្យពលករខ្មែរដែលបានវិលត្រឡប់មកពីថៃ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ ព្រោះខ្វះកម្លាំងពលកម្មជាង៦ពាន់កន្លែង។នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានក្នុងឱកាសដែលឯកឧត្តមជួបសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឧបត្ថម្ភជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៦៥នាក់ ក្នុងស្រុកព្រៃនប់ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ស្រុកព្រៃនប់មានពលករវិលត្រឡប់មកពីថៃ មានចំនួន១៦១នាក់ ស្រី៨៥នាក់ ស្មើនឹង៤៨គ្រួសារ ហើយថ្ងៃនេះ យើងបានធ្វើការសំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃមានចំនួន៦៥នាក់។ ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមានអាយុចាប់ពី១៧ឆ្នាំឡើង ពួកគាត់មានការងារធ្វើគ្រប់គ្នានៅតាមបណ្តារោងចក្រ ដែលរដ្ឋបាលស្រុកសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងស្រុកព្រៃនប់។
ក្នុងជំនួបនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ការមកដល់ស្រុកកំណើត ព្រោះគ្មានទីណាស្រួលជាងផ្ទះយើង និងស្រុកកំណើតរបស់យើងនោះទេ យើងមានការងារធ្វើជាច្រើននៅតាមបណ្តារោងចក្រនៅក្នុងស្រុករបស់យើង។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំធ្វើការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើន ជាពិសេសនៅខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងត្រូវការកម្លាំងពលកម្មជាង ៦ពាន់កន្លែង ទន្ទឹមនោះ យើងក៏ត្រូវការកម្លាំងផ្នែកសំណង់ជាច្រើនរយនាក់នៅក្នុងក្រុងព្រះសីហនុ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍប្រទេសជាតិ និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់ ម្យ៉ាងទៀតការធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍសេដ្ឋកិច្ចស្រុករបស់យើងមានការលូតលាស់រីកចម្រើន ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនោះ សម្តេចទាំងទ្វេចង់ឱ្យព្រំដែនមានសុខសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រោះការបង្កសង្គ្រាមនាំឱ្យយើងព្រាត់ប្រាស់គ្រួសារ បងប្អូន កូនចៅ ហើយការអភិវឌ្ឍប្រទេសជាតិ ក៏មានការថយចុះ។
ឯកឧត្តមប្រធានគណ:កម្មាធិកាសាខាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបា្រក់សោធននិវត្តន៍ជូនបុគ្គលិក កម្មករ និយោជិត ហើយអត្ថប្រយោជននៃប្រាក់សោធននិវត្តន៍ និងបណ្ណប.ស.ស បានផ្តល់អត្ថប្រយោជន៍៣យ៉ាង៖ ១. អត្ថប្រយោជន៍ផ្នែកសុខភាព ២. អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ និង៣. ប្រាក់សោធននិវត្តន៍។ ចំពោះស្រ្តីមានផ្ទៃពោះ អាចទៅពិនិត្យផ្ទៃពោះ រហូតដល់កុមារអាយុ២ឆ្នាំ ចំនួន១៤លើក ក្នុងមួយលើកទទួលបានថវិកា៨ម៉ឺនរៀល ព្រោះរាជរដ្ឋាភិបាលចង់ឱ្យកូនចៅរបស់យើងមានសុខភាពល្អគ្រប់ៗគ្នា ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ សូមឱ្យមានសុខភាពល្អគ្រប់គ្នា។ រាជរដ្ឋាភិបាលក៏បានគិតគូរក្នុងការបណ្តុះបណ្តាលវិជ្ជាជីវ:ដល់យុវជននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលសាលារដ្ឋ និងសាលាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការចូលរៀនផ្នែកវិជ្ជាជីវ: រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀលបន្ថែមទៀត ដើម្បីឱ្យយុវជនរបស់យើងមានជំនាញវិជ្ជាជីវ:ស្របទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ដូច្នេះទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ជំនាញ និងបំណិនជីវិតស្របទៅនឹងបច្ចេកវិទ្យាទំនើប កាលណាយើងមានជំនាញបច្ចេកទេសងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុឧបត្ថមជូនពលករវិលពីប្រទេសថៃចំនួន៦៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរត្រីខកំប៉ុង ១យួរ ឃីតមួយកញ្ចប់ (ក្រមា១ សារុង១ មុង១ ភួយ១) កន្ទេល១ និងថវិកា១០ម៉ឺនរៀល៕



ប្រភព៖ ក្រសួងព័ត៌មាន