អន្តរជាតិ

អាជ្ញាធរអូស្រ្តាលីផ្តល់សំណង ១,៣លានដុល្លារឱ្យស្រ្តីម្នាក់ ដែលបានជាប់ពន្ធនាគារ ២០ឆ្នាំទាំងគ្មានកំហុស

BY
Pheakdey
August 8, 2025

អូស្រ្តាលី៖ អាជ្ញាធរនៃរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលីបានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តចំនួន ២លានដុល្លារអូស្រ្តាលី (១,៣ លានដុល្លារអាមេរិក) ទៅកាន់ស្រ្តីម្នាក់ ដែលតុលាការបានកាត់ទោសឱ្យគាត់ជាប់គុកអស់រយៈពេល ២០ឆ្នាំទាំងគ្មានកំហុស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៨​​ ខែសីហា។ ស្រ្តីជាជនរងគ្រោះរូបនេះឈ្មោះថា Kathleen Folbigg និងមានអាយុ ៥៨ឆ្នាំ។

លោកស្រី Kathleen Folbigg

ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសរបស់លោកស្រី Kathleen Folbigg បានកើតឡើងនៅក្នុងឆ្នាំ ២០០៣ ដោយសំណុំរឿងនោះគឺជាករណីពាក់ព័ន្ធនឹងការស្លាប់ក្មេងៗចំនួន ៤នាក់ ដែលជាកូនរបស់គាត់ផ្ទាល់តែម្តង។ បន្ទាប់ពីមានករណីស្លាប់នេះកើតឡើង តុលាការអូស្ត្រាលីបានចោទប្រកាន់ថា លោកស្រី Kathleen Folbigg គឺជាដើមហេតុដែលបង្កឱ្យក្មេងៗចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត និងសម្រេចកាត់ទោសឱ្យគាត់ត្រូវជាប់គុករយៈពេល ៤០ឆ្នាំ។ យ៉ាងណាក្តី ក្រោយអនុវត្តទោសបានត្រឹមតែ ២០ឆ្នាំ មេធាវីរបស់លោកស្រី Kathleen Folbigg ក៏បានរកឃើញភស្តុតាងបញ្ជាក់ថា រូបគាត់មិនមែនជាដើមហេតុបង្កឱ្យមានការស្លាប់របស់ក្មេងៗឡើយ ហើយតុលាការក៏សម្រេចដោះលែងគាត់ឱ្យមានសេរីភាពវិញ។ ចំពោះការផ្តល់ប្រាក់សំណងចំនួន ២លានដុល្លារអូស្រ្តាលីនេះដែរ មេធាវីរបស់លោកស្រី Kathleen Folbigg បានបញ្ចេញប្រតិកម្មថា វាគឺជារឿងអយុត្តិធម៌បំផុត ដ្បិតកូនក្តីរបស់គាត់គួរតែទទួលបានសំណងច្រើនជាងនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: