អន្តរជាតិ

បង់ក្លាដេសកំពុងប្រឈមនឹងការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្សជាង ១០០នាក់បានបាត់បង់ជីវិត

BY
Pheakdey
August 11, 2025

បង់ក្លាដេស៖ ប្រទេសបង់ក្លាដេសកំពុងតែប្រឈមនឹងការត្បាតនៃជំងឺគ្រុនឈាមយ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែសីហា។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរសុខាភិបាលបង់ក្លាដេសបានចេញសេចក្តីព្រមានមួយជាសាធារណៈ ដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេសត្រូវបង្កើនការការពារខ្លួនពីសត្វមូសឱ្យបានខ្ជាប់ខ្ជួនទាំងពេលថ្ងៃនិងពេលយប់។

ប្រភពខាងលើបានបន្តថា ជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លាដេសបានផ្តើមផ្ទុះការរាតត្បាតនៅក្នុងខែមិថុនា ហើយគិតត្រឹមពេលនេះគឺមានអ្នកឆ្លងសរុបចំនួន ២៤,១៨៣នាក់ហើយ ខណៈនៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ មានអ្នកជំងឺចំនួន ១០១នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមលោកវេជ្ជបណ្ឌិត Kabirul Bashar ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅក្នុងសាកលវិទ្យាល័យ Jahangirnagar  បានព្យាករណ៍ថា ជំងឺគ្រុនឈាមនឹងបន្តផ្ទុះការរាតត្បាតរហូតដល់ខែកញ្ញា ហើយតួលេខអ្នកឆ្លងនិងស្លាប់ នឹងត្រូវកើនឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព​៖ The Strait Time

 

Share This Post: