អន្តរជាតិ

ព្យុះភ្លៀងនៅជប៉ុន បានបណ្តាលឱ្យមនុស្សជាច្រើនកំពុងបាត់ខ្លួន ខណៈអាជ្ញាធរជំរុញឱ្យពលរដ្ឋជាង ៣លាននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
August 11, 2025

ជប៉ុន៖ អាជ្ញាធរជប៉ុននៅក្នុងថ្ងៃចន្ទ ទី១១ ខែសីហា បានចេញសេចក្តីប្រកាសមួយជំរុញឱ្យពលរដ្ឋរាប់លាននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្ន ដើម្បីរក្សាសុវត្ថិភាពពីព្យុះភ្លៀង ទឹកជំនន់ និងការបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ទីតាំងដែលកំពុងស្ថិតនៅក្នុងការទាញសញ្ញាអាសន្នពីគ្រោះធម្មជាតិនេះ គឺខេត្ត Kumamoto ដែលស្ថិតប៉ែកខាងត្បូង នៃប្រទេសជប៉ុន។

បើតាមអាជ្ញាធរជប៉ុនបានឱ្យដឹងថា​ ក្នុងរយៈពេល ៦ម៉ោងពេញនៅក្នុងថ្ងៃទី១១នេះ តំបន់ជាច្រើននៅក្នុងខេត្ត​ Kumamoto បានទទួលរងសម្ពាធទឹកភ្លៀងក្នុងកម្រិតរហូតដល់ ៣៧cm ខណៈនៅក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនោះក៏បណ្តាលឱ្យមានផ្លូវថ្នល់ ផ្ទះសម្បែង យានជំនះជាច្រើនបានរងនូវការបំផ្លាញ ហើយក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់កំពុងតែបាត់ខ្លួនផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋនៅក្នុងតំបន់រងគ្រោះខាងលើនេះជាង ៣លាននាក់ត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ដ្បិតឥទ្ធិពលព្យុះភ្លៀងនឹងបន្តកើនមានកាន់តែខ្លាំងជាងនេះបន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: