បាតុកម្មនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត និង ២០នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- September 2, 2025
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ ដែលពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅឥណ្ឌូណេស៊ីត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងរសៀលថ្ងៃទី២ ខែកញ្ញា។ ជាមួយគ្នានេះ ក៏មានមនុស្សចំនួន ២០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

ដោយឡែកចំពោះក្រុមបាតុករ ដែលត្រូវបានប៉ូលិសចាប់ខ្លួនវិញគឺមានប្រមាណជា ១,២៤០នាក់ ខណៈចលនាធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនៅមិនទាន់ថយចុះនៅឡើយទេ។ សូមបញ្ជាក់ជូនថា បាតុកម្មហិង្សាប្រឆាំងនឹងប៉ូលិសឥណ្ឌូណេស៊ីផ្តើមកើតឡើងតាំងតែពីថ្ងៃទី ២៥ខែសីហាម្លេះ ហើយបាតុកម្មបានកើតឡើងក្រោយមានករណីប៉ូលិសបើករថយន្តបុកអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់ និងស្របពេលដែលប្រជាពលរដ្ឋនៅទីក្រុងហ្សារតាកាខឹងនឹងរដ្ឋាភិបាល ដែលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០លានរូពី (៣, ០៣៤ ដុល្លារ) សម្រាប់ឱ្យសមាជិកសភាក្រុមប្រឹក្សាក្រុងជួលផ្ទះស្នាក់នៅ ខណៈប្រាក់ឧបត្ថម្ភនេះគឺស្មើនឹងប្រហែល ១០ដង នៃប្រាក់ខែអប្បរមារបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងហ្សារតាកា៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






