អន្តរជាតិ

ទំនេរពេក!!! យុវជនចិន២នាក់នាំគ្នាបត់ជើងតូចដាក់ឆ្នាំងស៊ុប Hotpot ហើយថតបង្ហោះ​ពេលនេះត្រូវខាងហាងប្តឹងឱុ្យបង់ប្រាក់សងជំងឺចិត្តជាង៣០ម៉ឺនដុល្លារ

BY
Pheakdey
September 16, 2025

ចិន៖ តុលាការក្រុងសៀងហៃ ប្រទេសចិន បានបង្គាប់ឱ្យយុវជនចំនួន ២រូបត្រូវបង់ប្រាក់សងជំងឺចិត្តទៅកាន់ភោជនីយដ្ឋានមួយកន្លែងចំនួន ២,២ លានយ័ន (៣០៩,០៣២ ដុល្លារអាមេរិក) ក្រោយពួកគេបាននាំគ្នាធ្វើសកម្មភាពនោមដាក់ឆ្នាំងស៊ុប Hotpot នៅក្នុងភោជនីយដ្ឋាន និងថតជាវីដេអូបង្ហោះលេងពេញបណ្តាញសង្គម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងភោជនីយដ្ឋាន Haidilao Hotpot នៅក្នុងទីក្រុងសៀងហៃ និងបានកើតឡើងតាំងតែចុងខែកុម្ភៈម្លេះ ខណៈសេចក្តីសម្រេចរបស់តុលាការទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

យុវជនទាំង ២រូបនោះមានឈ្មោះ Tang និង ឈ្មោះ Wu មានអាយុ ១៧ឆ្នាំដូចគ្នា ហើយនៅក្នុងថ្ងៃកើតហេតុនោះ ពួកគេបានទៅញ៉ាំស៊ុប Hotpot រួមគ្នាជាមួយនឹងសមាជិកគ្រួសារមួយចំនួនទៀតផងដែរ។ ប្រភពខាងលើបានបន្តថា​ ចំពោះប្រាក់សំណងដែលមានចំនួនរហូតដល់ជាង ៣០ម៉ឺនដុល្លារខាងលើនេះ គឺជាប្រាក់សំណងគ្របដណ្តប់ទៅលើការខូចជាច្រើនករណី ដូចជា ការសម្អាត ការខូតខាតទ្រព្យសម្បត្តិជាក់ស្តែង សេវាផ្លូវច្បាប់ ការប៉ះពាល់កេរ្តិ៍ឈ្មោះ និងការបាត់បង់អាជីវកម្មរបស់ភោជនីយដ្ឋាន Haidilao ផងដែរ។ សូមបញ្ជាក់ជូនថា Haidilao Hotpot គឺជាក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានដ៏ល្បីមួយ ដោយក្រុមហ៊ុននេះមានសាខាភោជនីយដ្ឋានជាង១,៣០០កន្លែងនៅទូទាំងប្រទេសចិន និងមានសាខានៅក្នុងប្រទេសចំនួន ១០ផ្សេងទៀតផងដែរ រួមមានទាំងប្រទេសធំៗដូចជា កូរ៉េខាងត្បូង សិង្ហបុរី អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: