រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃ អំពាវនាវឱ្យមានការបន្ថយកម្លាំងទ័ពជាមួយកម្ពុជា ដើម្បីបន្ថយភាពតានតឹង
- BY
- Pheakdey
- September 26, 2025
ថៃ៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃបានអំពាវនាវឱ្យភាគីថៃនិងកម្ពុជា គួរកាត់បន្ថយវត្តមានយោធានៅតាមតំបន់ព្រំដែនរួមគ្នាដើម្បីបន្ថយភាពតានតឹង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី២៦ ខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសថៃរូបនេះមានឈ្មោះថា Sihasak Phuangketkeow ដែលទើបបានស្បថចូលកាន់តំណែងក្នុងថ្ងៃដំណាលគ្នាជាមួយលោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ។

ប្រភពខាងលើបានបន្តថា ការអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក Sihasak Phuangketkeow បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកការសែតជាច្រើននាក់នៅក្នុងទីក្រុងបាងកក ហើយវាក៏ជាការផ្តល់បទសម្ភាសន៍ជាសាធារណៈលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះផងដែរ ចាប់តាំងពីរូបគាត់បានស្បថចូលកាន់តំណែងជាផ្លូវការមក។ គួរកត់សម្គាល់ថា បញ្ហាជម្លោះនៅតាមតំបន់ព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជាបានអូសបន្លាយជាច្រើនខែមកហើយ ខណៈរហូតមកទល់នឹងពេលនេះកិច្ចព្រមព្រៀងផ្លូវការដើម្បីឈានទៅដល់ការបិទបញ្ចប់បញ្ហាទាំងស្រុងហាក់នៅមិនទាន់ចេញជារូបរាងនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Reuters
- Share This Post:






