តុលាការកំពូលអាមេរិក អនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ កាត់ជំនួយបរទេស ដែលមានតម្លៃសរុប ៤ពាន់លានដុល្លារ
អាមេរិក៖ តុលាការកំពូលអាមេរិកបានអនុញ្ញាតឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាត់ជំនួយបរទេស ដែលមានតម្លៃសរុបប្រហែលជា ៤ពាន់លានដុល្លារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែកញ្ញា។ សេចក្តីសម្រេចនេះក៏បានរួមចំណែកជួយឱ្យលោក ដូណាល់ ត្រាំ អាចបន្តអនុវត្តនយោបាយ “America First” (គិតពីប្រយោជន៍អាមេរិកមុនគេ) ក្នុងការដឹកនាំរបស់គាត់ផងដែរ។

សូមបញ្ជាក់ជូនថា តាមគម្រោងគឺកញ្ចប់ជំនួយដែលមានតម្លៃខ្ទង់ ៤ពាន់លានដុល្លារនេះជាកញ្ចប់ថវិកា ដែលរដ្ឋាភិបាលអាមេរិកត្រូវផ្តល់ជាជំនួយតាមរយៈរូបភាពផ្សេងៗទៅកាន់អង្គការ ស្ថាប័ន ឬប្រទេសនានានៅជុំវិញពិភពលោកសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំសារពើពន្ធខាងមុខនេះ ពោលគឺជារយៈពេលពេញមួយឆ្នាំដោយគិតចាប់ពីដើមខែតុលា ឆ្នាំ២០២៥ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦។ យ៉ាងណាក្តី យោងតាមសេចក្តីសម្រេចរបស់តុលាការខាងលើនេះគឺមានន័យថា គម្រោងជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានតម្លៃសរុប ៤ពាន់លានដុល្លារនឹងត្រូវផ្អាកជាស្ថាពរហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia