ខេត្តតាកែវ នឹងសាកល្បងគម្រោងផ្សារផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ នៅខែតុលានេះ
(ខេត្តតាកែវ)៖ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្ត សាកល្បងគម្រោងទីផ្សារផលិតផលខ្មែរខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលកសិកម្មខ្មែរ។

តាមរយសេចក្ដីជូនដំណឹងរបស់ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្ត បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ ការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង (AIM) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រ ពីគម្រោងក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។
ដោយ ទទួលបានការឯកភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ អនុញ្ញាតអោយ អនុវត្តន៍សាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ(ផ្សារចុងសប្តាហ៍) រយៈពេល៣(បី)ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ មន្ទីរពាណិជ្ជកម្មខេត្ត នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១ នៃខែតុលា ត្រូវនឹងថ្ងៃទី ៤ និងទី ៥ ខែតុលា ឆ្នាំ ២០២៥ នេះតទៅ ដែលមានទីតាំងស្ថិតនៅលើសួនច្បារទល់មុខរោងមហោស្រពខេត្ត។
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្នុងនាមជាអ្នកសម្របសម្រួលក្នុងការអនុវត្តន៍ ផ្សារផលិតផលខ្មែរ ខេត្តតាកែវ សូមអញ្ជើញ លោក-លោកស្រី និងសាធារណៈជនទូទៅ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ស្នាដៃ កសិករខ្មែរ ដែលជាផលិតផលក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក អោយបានច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ