អាកាសយានដ្ឋានទីក្រុង Munich នៅអាឡឺម៉ង់សម្រេចផ្អាកប្រតិបត្តិការណ៍ហោះហើរយ៉ាងបន្ទាន់ ក្រោយប្រទះឃើញ Drone គ្មានអត្តសញ្ញាណរាប់សិបគ្រឿងនៅលើអាកាស
- BY
- Pheakdey
- October 4, 2025
អាឡឺម៉ង់៖ អាកាសយានដ្ឋាន Munich របស់ប្រទេសអាឡឺម៉ង់បានសម្រេចផ្អាកប្រតិបត្តិការណ៍ហោះហើររបស់ខ្លួនជាបន្ទាន់ ក្រោយពីប្រទះឃើញ Drone ដែលគ្មានអត្តសញ្ញាណច្បាស់លាស់រាប់សិបគ្រឿងនៅលើដែនអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៤ ខែតុលា។ គិតត្រឹមពេលនេះ ការសម្រេចផ្អាកប្រតិបត្តិការណ៍ហោះហើរយ៉ាងបន្ទាន់នេះបានអូសបន្លាយដល់ថ្ងៃទី២ហើយ ខណៈអាជ្ញាធរអាកាសចរណ៍អាឡឺម៉ង់នៅមិនទាន់អាចបញ្ជាក់ពីប្រភពនៃបញ្ហានិងដំណោះស្រាយឱ្យបានច្បាស់លាស់នៅឡើយទេ។

យ៉ាងណាក្តី តាមការសន្និដ្ឋានបឋមរបស់ប្រទេសមួយចំនួនគឺពួកគេបានដាក់ការសង្ស័យថា Drone គ្មានអត្តសញ្ញាណទាំងអស់នោះទំនងជារបស់ប្រទេសរុស្ស៊ី ខណៈហេតុផលជាក់លាក់នៅពីក្រោយហេតុការណ៍ដ៏កម្រនេះ នៅមិនទាន់មានអ្នកជំនាញណាអាចពន្យល់បាននៅឡើយទេ។ ក្រៅតែពីអាកាសយានដ្ឋាន Munich របស់ប្រទេសអាឡឺម៉ង់ នៅថ្ងៃនេះក៏មានអាកាសយានដ្ឋានមួយចំនួនទៀតនៅក្នុងប្រទេសដាណឺម៉ាក ន័រវេស និងប៉ូឡូញ បានសម្រចផ្អាកប្រតិបត្តិការណ៍ជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងចំពោះអ្នកដំណើរ។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្អាកប្រតិបត្តិការណ៍របស់អាកាសយានដ្ឋាន Munich បានធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរចំនួន ៤៦ជើង និងប៉ះពាល់ដល់អ្នកដំណើរប្រមាណជា ៦,៥០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






