អន្តរជាតិ

អ្នកជំងឺ ៦នាក់បានបាត់បង់ជីវិត និង ៥នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅឥណ្ឌា

BY
Pheakdey
October 6, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាម​ការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែតុលា។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Sawai Man Singh មានទីតាំងស្ថិតនៅក្នុងទីក្រុង Jaipur ភាគពាយ័ព្យ នៃប្រទេសឥណ្ឌា។

ក្រៅតែពីបានបណ្តាលឱ្យមានអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យអ្នកជំងឺចំនួន ៥នាក់ផ្សេងបានរបួសធ្ងន់ធ្ងផងដែរ ខណៈអ្នកជំងឺជំនួយ ១៣នាក់ផ្សេងត្រូវបានគេជួយសង្គ្រោះចេញពីអគ្គិភ័យទាន់ពេលវេលា។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បញ្ជាក់ពីមូលហេតុជាក់លាក់ ដែលបានបណ្តាលឱ្យមានភ្លើងត្រូវឆេះមន្ទីរពេទ្យយ៉ាងឆាប់រហ័សដូចនេះទេ ហើយអ្វីដែលបានដឹងនោះគឺត្រឹមថា អគ្គិភ័យមានប្រភពចេញមកពីបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: