អន្តរជាតិ

អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ៤នាក់ជុំវិញករណី ចាក់សារធាតុគីមីចូលសាច់ក្របីដើម្បីកែច្នៃឱ្យក្លាយជាសាច់គោជប៉ុនប្រភេទ​ Wagyu

BY
Pheakdey
October 16, 2025

វៀតណាម៖ ប៉ូលិសក្រុងហាណូយបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ជុំវិញករណីចាក់សារធាតុគីមីបញ្ចូលក្នុងសាច់ក្របីដើម្បីកែច្នៃសាច់នោះឱហតដូចសាច់គោជប៉ុនសម្រាប់ដាក់លក់ក្នុងតម្លៃខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៦ ខែតុលា។ ជនសង្ស័យ​ដែលត្រូវបានឃាត់ខ្លួននោះរួមមាន ឈ្មោះ Nguyen Thi Phuong Thao ជាប្រធានក្រុមហ៊ុន Hida Food JSC និង ៣នាក់ទៀតជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន មានឈ្មោះ Nguyen Thi Thuy Hoa ឈ្មោះ Nguyen Thi Dung និងឈ្មោះ Tran Hoang Phuoc។

ប្រភពខាងលើបានបន្តថា នៅក្នុងវិធីកែច្នៃសាច់គោក្លែងក្លាយខាងលើនេះគឺក្រុមជនសង្ស័យបានបញ្ជាទិញសាច់ក្របីមកពីប្រទេសឥណ្ឌាក្នុងតម្លៃ ១២០,០០០ដុង (៤,៦ដុល្លារ) ហើយបន្ទាប់មកពួកគេបានចាក់បញ្ចូលសារធាតុគីមីចូលទៅក្នុងសាច់ដើម្បីឱ្យសាច់មានខ្លាញ់ហើយមើលទៅដូចជាសាច់គោប្រភេទ Wagyu ។ គួរកត់សម្គាល់ថា សាច់គោ Wagyu ដែលជាប្រភេទសាច់មានគុណភាពនិងរសជាតិលំដាប់ខ្ពស់របស់ប្រទេសជប៉ុនត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៤០០,០០០-៦០០,០០០ដុង (១៥-២៣ដុល្លារ)​ក្នុងមួយគីឡូក្រាមសម្រាប់ទីផ្សារក្នុងប្រទេសវៀតណាម។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបផលិតផលក្លែងក្លាយខាងលើនេះអាជ្ញាធរវៀតណាមក៏បានរឹបអូសសាច់ក្របីនិងសាច់គោក្លែងក្លាយបានចំនួន ៦៥តោន សារធាតុគីមីសម្រាប់ចាក់ធ្វើជាខ្លាញ់គោចំនួន ១៧តោន និងម៉ាស៊ីនសម្រាប់កែច្នៃសាច់មួយគ្រឿងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: