មនុស្ស ៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីរត់ពន្ធមាស ៨គីឡូក្រាមពីហុងកុងទៅជប៉ុន ដោយលាក់មាសទាំងនោះនៅតាមខោក្នុង
- BY
- Pheakdey
- October 21, 2025
ជប៉ុន៖ មនុស្សចំនួន ៤នាក់ត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួនជុំវិញករណីព្យាយាមរត់ពន្ធមាសចំនួន ៨គីឡូក្រាមពីហុងកុងទៅកាន់ជប៉ុន ដោយលាក់មាសទាំងនោះនៅតាមខោក្នុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២១ ខែតុលា។ ជនសង្ស័យទាំង ៤រូបនេះរួមមាន ឈ្មោះ Masamori Nishimura ភេទប្រុស អាយុ ៣៤ឆ្នាំ និង ៣នាក់ផ្សេងទៀតគឺជាស្រ្តី មានអាយុចន្លោះពី ២០-៣០ឆ្នាំ។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Masamori Nishimura គឺជាអ្នករៀបចំគម្រោងនិងជាម្ចាស់មាស ខណៈស្រ្តី ៣នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នាផងនោះគឺគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើការឱ្យលោក Masamori Nishimura តែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា មាសដែលជនសង្ស័យព្យាយាមរត់ពន្ធនោះគឺជាប្រភេទមាសដែលគេបានកិនយ៉ាងល្អិត ឬគេអាចហៅបានថា “ម្សៅមាស” ហើយខោក្នុងដែលក្រុមជនសង្ស័យបានស្លៀកនោះ គឺជាប្រភេទខោក្នុងដែលត្រូវរៀបចំយ៉ាងពិសេសដោយមានកន្លែងអាចបង្កប់ម្សៅមាសទាំងនេះបានយ៉ាងជិតល្អ។ យោងទៅតាមទីផ្សារមាសនៅក្នុងប្រទេសជប៉ុន មាសទាំង ៨គីឡូក្រាមនោះអាចមានតម្លៃជាទឹកប្រាក់ប្រមាណជា ៩៨,៧លានយេន (៦៥២,០០០ដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






