អន្តរជាតិ

ក្រុមមេដឹកនាំវិស័យឯកជនថៃ ជម្រុញឱ្យរដ្ឋាភិបាលថៃកាត់បន្ថយពន្ធ ផ្តល់កម្ចីការប្រាក់ទាប និងព្រមានថា ការបិទច្រកដែនកម្ពុជា-ថៃ នឹងធ្វើឱ្យពាល់ដល់សេដ្ឋកិច្ចជាង ៣ពាន់លានដុល្លារ

BY
Pheakdey
October 27, 2025

ថៃ៖ ក្រុមមេដឹកនាំវិស័យឯកជននៅប្រទេសថៃបានជម្រុញឱ្យរដ្ឋាភិបាលថៃ ត្រូវអនុវត្តវិធានការកាត់បន្ថយពន្ធ និងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាននៅចំពោះមុខនៃការបិទច្រកព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The National Thailand។ ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិសេសមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Sihasak Phuangketkeow ជាមួយវិស័យឯកជន ដើម្បីពិភាក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងពីការបិទច្រកព្រំដែនកម្ពុជា-ថៃ។

បើតាមក្រុមអ្នកដឹកនាំក្នុងវិស័យឯនថៃធ្វើការវាយតម្លៃថា ការបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់ការនាំទំនិញចេញ-ចូល ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១៥ពាន់លានបាត (ជាង ៤៥៩លានដុល្លារ)នៅក្នុងមួខែ ហើយបើគិតពីផលប៉ះពាល់ដល់សេដ្ឋកិច្ចជារួមវិញ គឺមានតម្លៃរហូតដល់ខ្ទង់ ១០០ពាន់លានបាត (ជាង ៣ពាន់លានដុល្លារ) បើគិតរហូតដល់ចុងឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ច្រកព្រំដែនកម្ពុជា-ថៃបានបន្តបិទអស់ជាច្រើនខែមកហើយ ខណៈរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ច្រកព្រំដែនដែលជាលំហូរពាណិជកម្មដ៏ធំនេះអាចនឹងត្រលប់មករកភាពប្រក្រតីនៅពេលណានៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The National Thailand

Share This Post: