ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីអូស្រ្តាលីម្នាក់បានបាត់បង់ជីវិត ក្រោយនាវាទេចរណ៍មួយគ្រឿងបានបើកចោលរូបគាត់ និងទុកឱ្យគាត់ត្រូវជាប់នៅលើកោះតែម្នាក់ឯង

    BY Pheakdey October 30, 2025
    ស្រ្តីអូស្រ្តាលីម្នាក់បានបាត់បង់ជីវិត ក្រោយនាវាទេចរណ៍មួយគ្រឿងបានបើកចោលរូបគាត់ និងទុកឱ្យគាត់ត្រូវជាប់នៅលើកោះតែម្នាក់ឯង

    អូស្រ្តាលី៖ ស្រ្តីជាអ្នកដំណើម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយនាវាទេចរណ៍មួយគ្រឿងបានបើកចោលរូបគាត់ និងទុកឱ្យរូបគាត់ត្រូវជាប់នៅកោះដាច់ស្រយាលមួយតែម្នាក់ឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែតុលា។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Suzanne Rees ជនជាតិអូស្រ្តាលី និងមានអាយុ ៨០ឆ្នាំ។

    បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coral Expedition ដោយនៅលើនាវាមានផ្ទុកអ្នកដំណើរសរុបចំនួន ១២០នាក់ និងត្រូវធ្វើដំណើរទៅកាន់ទីកន្លែងជាច្រើនក្នុងរយៈពេល ៦០ថ្ងៃ។ប្រភពខាងលើបានបន្តថា ពេលបានធ្វើដំណើរទៅដល់កោះ Lizard ក្នុងរដ្ឋ Queensland នាវាក៏បានឈប់នៅទីនោះ ដើម្បីឱ្យអ្នកដំណើចុះដើរកម្សាន្តនៅលើកោះ ហើយពេលនោះស្រ្តីរងគ្រោះក៏បានចុះទៅដើរនៅលើកោះជាមួយអ្នកដំណើរជាច្រើនទៀតផងដែរ។

    យ៉ាងណាក្តី ក្នុងពេលដើរកម្សាន្តលើកោះ Lizard នោះ ស្រាប់តែលោកស្រី Suzanne Rees បានដើរដាច់ពីគេតែម្នាក់ឯង ដោយគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ហើយនៅពេលអ្នកដំណើរគ្រប់គ្នាបានដើរឡើងលើនាវាវិញ គឺគាត់មិនបានឡើងនោះទេ។ ក្រោយពេលបើកចេញពីកោះ Lizard អស់រយៈពេល ៥ម៉ោង ទើបក្រុមអ្នកបម្រើការងារនៅលើនាវាដឹងថា បាត់អ្នកដំណើរម្នាក់ ហើយពេលនោះក្រុមការងារក៏បានជូនដំណឹងទៅកាន់អាជ្ញាធរដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដែរ តែគួរឱ្យសោកស្តាយទម្រាំតែក្រុមអ្នកជួយសង្គ្រោះអាចរកលោកស្រី Suzanne Rees ឃើញនោះ គឺគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: