ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឥណ្ឌាម្នាក់សម្រេចលីសាកសពប្អូនស្រីទៅដកលុយពីធនាគារ ព្រោះខឹងធនាគារទាមទារលិខិតបញ្ជាក់មរណភាព

    BY Pheakdey April 29, 2026
    បុរសឥណ្ឌាម្នាក់សម្រេចលីសាកសពប្អូនស្រីទៅដកលុយពីធនាគារ ព្រោះខឹងធនាគារទាមទារលិខិតបញ្ជាក់មរណភាព

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានលីសាកសពប្អូនស្រីរ​បស់គាត់ទៅកាន់ធនាគារមួយកន្លែងដើម្បីបើកប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមេសា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងសហគមន៍កុលសម្ព័ន្ធមួយកន្លែង ក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា។ បុរសដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះថា Jitu Munda ហើយធនាគារដែលគាត់ត្រូវទៅបើកលុយនោះ គឺជាសាខាមួយរបស់ធនាគារ Indian Overseas Bank។

    ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Jitu Munda បានទៅដល់សាខាធនាគារ Indian Overseas Bank ម្តងរួចហើយ ដើម្បីបើកយកប្រាក់ពីគណនីប្អូនស្រីរបស់គាត់ ដែលបានស្លាប់បាត់បង់ជីវិត និងទើបបញ្ចុះសពកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្តី ពេលនោះបុគ្គលិកធនាគារបានបដិសេដមិនបើកប្រាក់ទាំងនោះឱ្យលោក Jitu Munda នោះទេ ដ្បិតយោងទៅតាមគោលការណ៍ធនាគារបានកំណត់ថា ការបើកប្រាក់ពីសំណាក់ភាគីទី ៣ ជំនួសឱ្យម្ចាស់គណនីដែលបានស្លាប់ គឺតម្រូវឱ្យមានលិខិតបញ្ជាក់មរណភាពផ្លូវការទទួលស្គាល់ដោយអាជ្ញាធរតំបន់។ ដោយខឹងនឹងការបដិសេដនេះ លោក Jitu Munda ក៏បានទៅគាស់ផ្នូរ និងលើកយកសាកសពប្អូនស្រីរបស់គាត់ទៅកាន់ធនាគារតែម្តង។ សូមបញ្ជាក់ជូនថា សកម្មភាពរបស់លោក Jitu Munda បានកើតឡើងដោយសារតែលោកគ្មានចំណេះដឹងគ្រប់គ្រាន់ ហើយក្រោយពេលផ្ទុះករណីខាងលើនេះអាជ្ញាធរឥណ្ឌាក៏បានជួយរៀបចំឯកសារមរណភាពនិងសម្របសម្រួលឱ្យរូបគាត់បានទៅដកប្រាក់នោះតាមនីតិវិធីរបស់ធនាគារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: