អូស្រ្តាលីគ្រោងគិតពន្ធ ២,២៥% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បើក្រុមហ៊ុនទាំងនោះមិនព្រមផ្តល់ប្រាក់ខ្លះឱ្យទៅក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក
អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងគិតពន្ធចំនួន ២,២៥% លើប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនព្រមចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំណេញខ្លះទៅកាន់ក្រុមហ៊ុនសារព័ត៌មានក្នុងស្រុកនោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែមេសា បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះមានដូចជា ក្រុមហ៊ុន Meta ក្រុមហ៊ុន Google និងក្រុមហ៊ុន TikTok ជាដើម។

បើតាមលោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្រ្តាលីបានបញ្ជាក់ថា នាពេលបច្ចុប្បន្នពលរដ្ឋអូស្រ្តាលីបានទទួលព័ត៌មានដោយផ្ទាល់យ៉ាងសម្បូរបែបតាមរយៈបណ្តាញសង្គមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗខាងលើនេះ ពោលគឺពួកគេស្ទើរតែមើលរំលងទាំងស្រុងទៅហើយចំពោះក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក។ លោកស្រីបានបន្តថា ក្នុងបរិបទដែលអត្ថបទព័ត៌មានត្រូវបានចែករំលែកដោយសេរីនិងគ្មានដែនកំណត់នៅលើវេទិកាឌីជីថលដូចនេះ គឺវាបានបង្កើតឱ្យមានភាពអយុត្តិធម៌ខ្លាំងចំពោះអ្នកសារព័ត៌មាន ដែលបានខិតខំស្វែងរកនិងរៀបចំអត្ថបទសារព័ត៌មានសំខាន់ៗទាំងអស់នោះ។
ដូចនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពសារព័ត៌មាន និងប្រាក់ចំណូលរបស់ក្រុមអ្នកកាសែតនៅក្នុងស្រុក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលជាអ្នកប្រមូលបានប្រាក់យ៉ាងច្រើនគួរតែបែងចែកប្រាក់ចំណេញខ្លះរបស់ពួកគេទៅឱ្យក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក ហើយក្នុងករណីដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះមិនព្រមចូលខ្លួនមកចរចារនិងរៀបចំកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូលជាមួយក្រុមហ៊ុនសារព័ត៌មាននៅក្នុងស្រុកនោះទេ រដ្ឋាភិបាលអូស្រ្តាលីនឹងសម្រេចគិតពន្ធចំនួន ២,២៥% នៃប្រាក់ដែលក្រុមហ៊ុនទាំងនោះបានចំណេញពីប្រទេសអូស្រ្តាលីតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia