សម្តេចបវរធិបតី នាយករដ្នមន្ត្រី ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ចំពោះសាលារៀនណា មិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយចប់សង្គ្រាម
(រាជធនីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ចំពោះសាលារៀនណា មិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយចប់សង្គ្រាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមិនអាចដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ៥០០០ដើម និងទួលអណ្តែតជាដើម តាមកម្រិតសិក្សាជាក់ស្តែង។
តាមសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំ ផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។
ដោយឡែក ចំពោះសាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សា ថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅ ជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្ដោះអាសន្ន៕


ប្រភព៖ ក្រសួងព័ត៌មាន