អគ្គិភ័យកំពុងឆាបឆេះលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ី៖ អគ្គិភ័យកំពុងឆាបឆេះនៅលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ីយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃទី១ ខែវិច្ឆិកា។ ព័ត៌មានបឋមដែលអាជ្ញាធរម៉ាឡេស៊ីទទួលបាន គឺអគ្គិភ័យបានផ្តើមចេញពីភោជនីយដ្ឋានមួយនៅជាន់ខាងលើអគារ ខណៈមូលហេតុជាក់លាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

សូមបញ្ជាក់ថា អគារ Petronas Tower 3 ដែលមានកម្ពស់ ៦០ជាន់ គឺអគារពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនេះមានក្រុមហ៊ុន ការិយាល័យ ភោជនីយដ្ឋាន និងហាងលក់ទំនិញល្បីៗជាច្រើនផងដែរ។ អគារ អគារ Petronas Tower 3 ឬពេលខ្លះត្រូវបានហៅថា អគារ Menara Carigali មានទីតាំងនៅជិតនឹងអគារភ្លោះ Petronas Twin Towers ដែលជានិមិត្តរូបរបស់ប្រទេសម៉ាឡេស៊ី និងជាទិសដៅទេសចរណ៍ល្បីល្បាញបំផុតមួយនៅក្នុងតំបន់អាស៊ីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time