ហ្វីលីពីនជម្លៀសពលរដ្ឋជាង ១០,០០០នាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុងកាល់ម៉ាហ្គី
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋក្នុងចំនួនចន្លោះពី ១០,០០០-១៥,០០០នាក់ ជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុងកាល់ម៉ាហ្គី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយខ្យល់ព្យុះខាងលើនេះគឺកោះ Leyte ដែលជាកោះធំបំផុតលំដាប់ទី៦ នៅក្នុងប្រទេសហ្វីលីពីន។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុងកាល់ម៉ាហ្គីនឹងបង្កឱ្យមានខ្យល់បោកបក់ក្នុងល្បឿនចន្លោះពី ១២០គីឡូម៉ែត្រ-១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងអាចបង្កឱ្យមានបញ្ហាបាក់ដីនៅតាមតំបន់មួយចំនួនផងដែរ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៣ កន្លងទៅ កោះ Leyte ក៏ធ្លាប់រងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារព្យុះម្តងដែរ ដោយពេលនោះបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតជាង ៦,០០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia