របាយការណ៍មួយបង្ហាញថា ពលរដ្ឋថៃ ៦០% បានរងគ្រោះពីការឆបោកក្នុងឆ្នាំកន្លងទៅ និងធ្វើឱ្យខាតបង់ប្រាក់សរុបជាង ៣,៤ពាន់លានដុល្លារ
- BY
- Pheakdey
- November 13, 2025
ថៃ៖ របាយការណ៍មួយបានបង្ហាញថា មានពលរដ្ឋថៃរហូតដល់ ៦០% បានរងគ្រោះពីការឆបោកកាលពីឆ្នាំកន្លងទៅ ដែលធ្វើឱ្យមានការខាតបង់ប្រាក់សរុបប្រមាណជា ១១០ពាន់លានបាត (៣,៤ពាន់លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅក្នុងថ្ងៃទី១៣ ខែតុលា។ របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយមូលនិធិ Global Anti-Scam Alliance ឬហៅកាត់ថា GASA ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជាមួយនឹងតួលេខជនរងគ្រោះ ៦០% ឬ ៦នាក់នៅក្នុងចំណោមមនុស្ស ១០នាក់ វាគឺជាតួលេខជនរងគ្រោះនៃការឆបោកដ៏ខ្ពស់បំផុតមួយ ហើយបញ្ហានេះក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃមួយផ្នែកផងដែរ។ ប្រភពខាងលើបានបន្តថា ការឆបោកដែលបានកើតមានចំពោះពលរដ្ឋថៃនោះគឺមាន ២ប្រភេទធំៗ ដូចជា៖
១-ការឆបោកក្នុងទម្រង់ជាមជ្ឈមណ្ឌលហៅទូរស័ព្ទ៖ ឧក្រិដ្ឋជនបន្លំខ្លួនធ្វើជាមន្ត្រីមកពីភ្នាក់ងារប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស ឬការិយាល័យប្រឆាំងការលាងលុយកខ្វក់ ហើយបង្កើតភាពភ័យស្លន់ស្លោ និងដាក់សម្ពាធលើជនរងគ្រោះឱ្យផ្ទេរប្រាក់ទៅកាន់ពួកគេដើម្បីដោះស្រាយបញ្ហា។
២-ការឆបោកតាមប្រព័ន្ធឌីជីថល៖ ក្រុមជនខិលខូចធ្វើប្រតិបត្តិការនៅលើគ្រប់វេទិកាឌីជីថល (ចាប់តាំងពីនៅលើបណ្តាញសង្គមរហូតដល់ការរៀបចំកម្មវិធីណាត់ជួប) ហើយធ្វើការបោកបញ្ឆោតជនរងគ្រោះក្នុងទម្រង់ជាការដាក់ប្រាក់ វិនិយោគដោយទទួលបានផលចំណេញខ្ពស់ (ការវិនិយោគក្លែងក្លាយ) ឬទំនាក់ទំនងស្នេហាក្លែងក្លាយជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strati Time
- Share This Post:






