ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិ ៣នាក់ ដែលត្រូវយោធាថៃបា-ញ់ នៅភូមិព្រៃចាន់ ពេលនេះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិ ៣នាក់ ដែលត្រូវយោធាថៃបាញ់ នៅភូមិព្រៃចាន់ ពេលនេះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមការបញ្ជាក់លម្អិតពី ក្រសួងសុខាភិបាល បានឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិលស្លូតត្រង់ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលម្អិតលើករណីជំងឺនីមួយៗ ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែមលើភាពច្បាសលាស់នៃការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្រ្តនៃការព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និប្រសិទ្ធិភាពខ្ពស់បំផុត។
សូមជម្រាបជូនថា បច្ចុប្បន្នអ្នកជំងឺទាំង ៣នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តតាមដាន សម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង និងក្រុមគ្រូពេទ្យគ្រប់ជំនាញ ស្របតាមអនុសាសន៍យកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕



