មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ២៩នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅស្ថានីយប៉ូលិសមួយកន្លែងនៅឥណ្ឌា
- BY
- Pheakdey
- November 15, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅក្នុងស្ថានីយប៉ូលិសមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Aljazeera នៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ ស្ថានីយប៉ូលិសដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងក្រុង Srinagar នៃតំបន់កាស្មៀរ ពោលគឺតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺភាគជាច្រើនជាប៉ូលិស និងមន្ត្រីជំនាញផ្នែកកោសល្យវិច្ច័យ ដែកកំពុងចុះទៅត្រួតពិនិត្យគ្រឿងផ្ទុះមួយចំនួននៅក្នុងស្ថានីយ៍ប៉ូលិសនោះផ្ទាល់តែម្តង។ ប្រភពខាងបានបន្តថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៥នាក់បានរងរបួសធ្ងន់ធ្ងរ ដែលពិបាកនឹងជួយសង្គ្រោះជីវិតណាស់។ ចំពោះមូលហេតុនៅពីក្រោយហេតុការណ៍ផ្ទុះនេះវិញ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Aljazeera
- Share This Post:






